jump to navigation

ជំលោះ​​ព្រំដែន​​គួរ​​​ឱ្យ​ដោះ​ស្រាយ​យ៉ាង​ឆាប់ 13 ខែវិច្ឆិកា 2008

Posted by cambodiatoday in នយោបាយ.
add a comment

597_9735ជំលោះ​ព្រំដែន​កម្ពុជា​ ថៃ មិន​​គួរ​ឱ្យ​បន្ត​​យូរ​ទៅ​មុខ​ទៀត​​​ទេ ប្រសិនបើ​វា​បន្ត​​ឱ្យ​យូរ​ទៅ​ នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​​រង​លទ្ធផល​កាន់​តែ​អាក្រក់។ ​ឥឡូវ​​ កម្ពុជា​មាន​​​នូវ​ភស្តុតាង ផែនទី ហើយនិង​សន្ធិសញ្ញា​គ្រប់គ្រាន់​​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ខ្លួន ជា​ពិសេស​មាន​ទម្លាប់​ច្បាប់​មក​ពី​សេចក្តី​សំរេច​​របស់​​តុលាការ​យុត្តិធម៌​​អន្តរជាតិ កាល​ពី​ឆ្នាំ​១៩៦២។ តុលាការ​នោះ​បាន​ពិនិត្យ​​ទម្លាប់​របស់​ថៃ បាន​ឃើញ​ថា​ថៃ​ធ្លាប់​មាន​ឱកាស​​ជា​ច្រើន​ដើម្បី​ជំទាស់​​បដិសេធ​សន្ធិសញ្ញា​​ជាមួយ​​បារាំង ក៏​ប៉ុន្តែ​មិន​ដែល​ធ្វើ​ទេ ហើយ​បាន​ឃើញ​ថា​ ពួក​​ថៃ​បាន​​គោរព​​តាម​សន្ធិសញ្ញា​នោះ​ដែរ មិន​បាន​ជំទាស់​​តវ៉ា​ទេ ហេតុ​ដូច្នេះ​ហើយ​តុលាការ​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ​ទៅ​កម្ពុជា។ ប្រសិនបើ​​កម្ពុជា​នឹង​ដាក់​ពាក្យ​បណ្តឹង​​ទៅ​តុលាការ​អន្តរជាតិ ​នោះ​កម្ពុជា​​​ច្បាស់​ជា​ត្រូវ​ឈ្នះ ក៏​ប៉ុន្តែ ប្រសិនបើ​​ខ្មែរ​ឱ្យ​ជំលោះ​នេះ​​​បន្ត​យូរ​ទៅ​មុខ​ទៀត ​នោះ​ទម្លាប់​ច្បាប់​ពី​ឆ្នាំ​១៩៦២​នឹង​មាន​អនុភាព​កាន់​តែ​តិច​ទៅ​ៗ ព្រោះ​សមាគមន៍​​​អន្តរជាតិ​នឹង​សួរ​ថា បើ​ដី​នេះ​ពិត​ជា​ដី​របស់​ខ្មែរ​មែន ហេតុ​អ្វី​កម្ពុជា​មិន​បាន​ដាក់​ពាក្យ​​បណ្តឹង ដោះ​ស្រាយ​ឆាប់​ៗ​នោះ? ពួក​គេ​នឹង​​ចាប់​មាន​ភាព​​មន្ទិល​សង្ស័យ​ គិត​ថា​កម្ពុជា​​គ្មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​អះអាង​របស់​ខ្លួន បើ​មាន​ទំនុក​ចិត​មែន​ ហេតុ​អ្វី​បន្ត​ការ​ចរចា​ដោយ​ឥត​​បាន​ការ? ជា​ពិសេស ក្នុង​ការ​ចរចា​ទាំង​អស់​នោះ​​ ពួក​ថៃ​អាច​ចាប់​ពាក្យ​ណា​មួយ​ដែល​ខ្មែរ​និយាយ​​ យក​មក​ប្រើ​ប្រាស់​ប្រឆាំង​នឹង​ខ្មែរ​វិញ។ កម្ពុជា​មិន​គួរ​ឱ្យ​បន្ត​ការ​ចរចា​​ទាំង​នេះ​ទៀត​ឡើយ។

យូរ​ៗ​ទៅ សមាគមន៍​អន្តរជាតិ​នឹង​ទទួល​ស្គាល់​ថា ទឹក​ដី​នេះ​ជា​ដី​ជំលោះ​អចិន្ត្រៃយ៍ ដូច​ជា​តំបន់​ខាសមីរ៍​នៅ​​​ឯ​ប្រទេស​ឥណ្ឌា ឬ​កោះ​សាយប្រឹស​​ ឬ​តំបន់​ផ្សេង​ៗ​ទៀត​ ដែល​មាន​ទាហាន​ប្រឈម​មុខ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ជា​យូរ​ឆ្នាំ​មក​ហើយ តំបន់​ទាំង​អស់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​តំបន់​ជំលោះ​អចិន្ត្រៃយ៍ ព្រោះ​​គ្មាន​នរ​ណា​ហ៊ាន​ចាត់​វិធានការ​ដោះ​ស្រាយ​ឡើយ​។ កម្ពុជា​មិន​គួរ​ឱ្យ​មាន​ស្ថានការណ៍​ដូច្នេះ​​កើត​ឡើង​ទេ ​គឺ​ត្រូវ​​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​​​ភ្លាម​ៗ។

ក្នុង​ភាសា​អង់គ្លេស​មាន​ពាក្យ​ពេចន៍​ថា ប៉ាកកា​​មាន​ឥទ្ធិពល​​​ខ្លាំង​ជាង​ដាវបាន​ន័យ​ថា​​ ចំណេះ​​ដឹង​របស់​មនុស្ស មាន​ឥទ្ធិពល​និង​អនុភាព​​ខ្លាំង​ជាង​កង​កម្លាំង​យោធា។ ក្នុង​ជំលោះ​នេះ កម្ពុជា​មាន​ភាព​ទន់​ខ្សោយ​ខាង​យោធា​មែន​ មិន​អាច​ឈ្នះ​ដោយ​ដាវ​បាន​ឡើយ ក៏​ប៉ុន្តែ កម្ពុជា​មាន​អាវុធ​ដ៏​ខ្លាំង​ជាង​គេ​បង្អស់ គឺ​ជា​ប៉ាកកា។ ​​ខ្មែរ​មិន​គួរ​ឱ្យ​ខាត​ពេល​ទៀត​ឡើយ​​ ចូរ​លើក​អាវុធ​ដ៏​មាន​​ឥទ្ធិពល​ខ្លាំង​ជាង​គេ​បង្អស់​​ចុះ​ ហើយ​ចុះ​ហត្ថលេខា​ទៅ​លើ​ពាក្យ​បណ្តឹង​​ជា​មិន​ខាន!!!៕

សាមគ្គីភាព 7 ខែសីហា 2008

Posted by cambodiatoday in នយោបាយ.
add a comment

នា​ពេល​បច្ចុប្បន្ន អ្វី​ដែល​ប្រទេស​កម្ពុជា​ត្រូវការ​ជា​ទី​បំផុត គឺ​​ជា​សាមគ្គីភាព។​ រូប​​ខ្ញុំ​ផ្ទាល់​តែង​តែ​មាន​ការ​ខ្វែ​​ងគំនិត​​ជាមួយ​នឹង​មេ​ដឹក​នាំ​នានា ក៏​ប៉ុន្តែ ក្នុង​សភាព​វិបតិ្ត យើង​ត្រូវ​បោះ​បង់​ចោល​នូវ​ការ​លំអៀង​ផ្នែក​នយោបាយ​​របស់​ខ្លួន ហើយនិង​ត្រូវ​គាំទ្រ​​ប្រទេស​ជាតិ មិន​មែន​ត្រូវ​គាំទ្រ​គណបក្ស​របស់​ខ្លួន​នោះ​​ឡើយ។ តើ​អ្វី​ទៅ​ជា​វិបត្តិ​ដែល​ខ្ញុំ​បាន​និយាយ​មិញ​នោះ? គឺជា​ការ​ឈ្លានពាន​របស់​ប្រទេស​ជិត​ខាង​ទៅ​លើ​ទឹក​ដី​កម្ពុជា។ ក្នុង​សង្គ្រាម​​ស៊ីវិល​នៃ​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី អាប្រាហាំ លីនកុន បាន​មាន​ប្រសាស​​ថា “អស់​ទាំង​នគរ​ណា​ដែល​បែក​ខ្ញែក​ទាស់​តែ​គ្នា​ឯង មិន​អាច​ចៀស​ផុត​ពី​ការ​វិនាស​នោះ​ឡើយ”។ ប្រសិនបើ​កម្ពុជា​មាន​សាមគ្គីភាព​ផ្នែក​នយោបាយ នោះ​អាច​ចៀស​ផុត​ពី​ការ​វិនាស​បាន ហើយ​អាច​បន្សល់​ទុក​ទឹក​ដី​នេះ​ជា​កម្មសិទ្ឋិ​របស់​ខ្មែរ។

មាន​ផ្លូវ​តែ​មួយ​ដើម្បី​ឈ្នះ​ល្បិច​របស់​អ្នក​ឈ្លានពាន​នោះ គឺ​ជា​ច្បាប់​អន្តរជាតិ ជា​ផ្លូវ​ដែល​​ធ្លាប់​​បាន​នាំ​មក​នូវ​លទ្ធផល​ដ៏​ល្អ​​សម្រាប់​ខ្មែរ​ កាល​ពី​ឆ្នាំ​១៩៦២។ ប្រសិនបើ​ខ្មែរ​នឹង​យក​ជម្លោះ​នេះ​ ជូន​ទៅ​អង្ការ​សហប្រជាជាតិ​​ នោះ​យើង​ច្បាស់​ជា​ត្រូវ​ទទួល​បាន​ការ​ដោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្មែរ​ជា​មិន​ខាន។​ ភាគី​​ខ្មែរ​មាន​ភស្តុតាំង​ដើម្បី​​គាំទ្រ​​ការ​អះអាង​របស់​ខ្លួន គឺ​រួម​មាន​នូវ​​​ផែនទី ទម្លាប់​​ច្បាប់​ នឹង​​សន្ធិសញ្ញា។

ការ​ដោះស្រាយ​តាម​សមរភូមិ​មិន​មែន​ជា​​ដំណោះស្រាយ​ល្អ​ចំពោះ​កម្ពុជា​ទេ គឺ​មក​ពី​កង​កម្លាំង​របស់​ប្រទេស​ឈ្លានពាន​មាន​កម្លាំង​ច្រើន​ជាង​ខ្មែរ ហើយ​ម្យ៉ាង​ទៀត ប្រសិនបើ​វិបត្តិ​នេះ​ត្រូវ​បណ្តាល​ឱ្យ​ផ្ទុះ​អាវុធ នោះ​ប្រសាទ​ព្រះវិហារ​ប្រាកដ​ជា​ត្រូវ​រង​ការ​បែក​បាក់​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ ប្រសិនបើ​កម្ពុជា​នឹង​​យក​រឿង​នេះ​មក​លើក​ឡើង​​​ទៅ​​​ អ.ស.ប. នោះ​រឿង​នេះ​នឹង​​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​​​ផ្តល់​លទ្ធផល​​ដ៏​ល្អ​​ដែរ។

ហេតុ​ដូច្នេះ​ហើយ សូម​ផ្អាក​នូវ​អារម្មណ៍​នយោបាយ​សិន ហើយ​រួម​គ្នា​​គាំទ្រ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ក្នុង​ការ​ប្រឆាំង​នឹង​សត្រូវ​​ជាតិ!

ចូរ​ឱ្យ​មាន​គំនិត​វិជ្ជ​មាន​ចុះ! 18 ខែ​មីនា 2007

Posted by cambodiatoday in នយោបាយ.
5 comments

ប្រជាជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​និង​នៅ​កម្ពុជា​ផង តែង​តែ​ត្អូញត្អែរ​អំពី​សភាព​ការណ៍​នៅ​កម្ពុជា ដោយ​​មាន​សំដី​ថា ស្រុក​ខ្មែរ​ពោ​ពេញ​ទៅ​ដោយ​ការ​ពុក​រលួយ អ្នក​ចោរ​ប្លន់ ភាព​អ​សន្តិសុខ​។ល។​ ឥឡូវ​ ខ្ញុំ​សូម​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ ស្រុក​ខ្មែរ​ប្រាកដ​ជា​មាន​ឩបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​ស្រុក​ ព្រោះ​ថា ស្រុក​ខ្មែរ​ទើប​បាន​ងើប​ពី​សង្គ្រាម ក៏​ប៉ុន្តែ ក្នុង​ពេល​ថ្មី​ៗ​នេះ ស្រុក​ខ្មែរ​បាន​ចាប់​មាន​ការ​ជឿន​លឿន​ច្រើន​ជាង​មុន​ណាស់។ ខ្ញុំ​បាន​ទៅ​ដល់​កម្ពុជា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០១ ហើយ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា កម្ពុជា​នៅ​មិន​ទាន់​បាន​ធូរស្បើយ​ពី​ជំនាន់​សង្គ្រាម​ឡើយ​ ផ្លូវ​ណា​ក៏​រលាក់ ដើរ​ពេល​យប់​មិន​សូវ​ហ៊ាន ហើយ​ហាក់​ដូច​ជា​គ្មាន​អ្វី​ជឿន​លឿន​ទាល់​តែ​សោះ។ ពេល​ខ្ញុំ​បាន​ជិះ​ឡាន​តាក់ស៊ី​ពី​បាត់ដំបង​ទៅ​ភ្នំ​ពេញ ខ្ញុំ​បាន​សួរ​អ្នក​បើក​បរ​ថា ប៉ុន្មាន​ម៉ោង​ទៀត​បាន​ជា​យើង​មក​ដល់​ភ្នំ​ពេញ?” គាត់​បាន​ឆ្លើយ​ថា យើង​មក​ដល់​ហើយ!” ខ្ញុំ​បាន​សួរ​វិញ​ថា ចុះ​ភ្នំ​ពេញ​មាន​ផ្លូវ​ដី​ដែរ?” ពាក្យ​ឆ្លើយ​តប​របស់​គាត់​ត​ទៅ​នោះ​ ពិត​ប្រាកដ​ជា​មាន​អត្ថន័យ​ពិសេស​ គឺ​ថា បើ​អត់​មាន​ផ្លូវ​ដី នោះ​យើង​មិន​មែន​នៅ​ស្រុក​ខ្មែរ​ទេ!” បច្ចុប្បន្ន​នេះ មិន​ចាំបាច់​ជិះ​តាក់ស៊ី​ពី​បាត់ដំបង​ទៅ​ភ្នំ​ពេញ​ទេ ហើយ​មិន​បាច់​ធ្វើ​ដំណើរ​អស់​រយះ​ពេល​៨​ម៉ោង​​តាម​ផ្លូវ​រលាក់​ដែរ គឺ​អាច​ជិះ​ឡាន​ក្រុង​ដែល​គិត​តំលៃ​ថោក អស់​រយះ​ពេល​៤​ទៅ​៥​ម៉ោង​ប៉ុណ្ណោះ ហើយ​ផ្លូវ​កៅស៊ូ​មាន​ផង! នេះ​ជា​ការ​ផ្លាស់ប្ដូរ​ធំ​មួយ​ក្នុង​រយះ​ពេល​មួយ​ដ៏​ខ្លី! នៅ​ភ្នំ​ពេញ​សុទ្ធ​តែ​មាន​ផ្លូវ​កៅ​ស៊ូ មាន​ផ្សារ​ទំនើប​ទាន់​សម័យ (ផ្សារ​សុរិយា) ហើយ​មាន​វត្ថុ​ផ្សេង​ៗ​ទៀត ដូច​ជា​ម៉ាស៊ីន​បើក​លុយ ដែល​ធ្វើ​ឱ្យ​ការ​រស់​នៅ មាន​ភាព​កាន់​តែ​ស្រួល។ សូម្បី​តែ​កម្មវិធី​វាយ​អក្សរ​ខ្មែរ​ដែល​ខ្ញុំ​កំពុង​ប្រើ​នេះ ជា​ផលិតផល​នៃ​ការ​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ​នេះ។ នៅ​ពេល​ថ្មី​ៗ​នេះ ទស្សនាវដី្ត​អន្តរជាតិ​មួយ ដែល​ដាក់​ឈ្មោះ​ថា អ្នក​សេដ្ឋកិច្ច ” (The Economist) បាន​បោះ​ពុម្ព​អត្ថបទ​មួយ​អំពី​ស្រុក​ខ្មែរ ហើយ​បាន​បញ្ជាក់​ថា ធម្មតា ការ​ផ្សាយ​របស់​គេ​អំពី​ស្រុក​ខ្មែរ​​ សុទ្ធ​តែ​ផ្សាយ​ពី​រឿង​កម្សត់​ខ្លោច​ផ្សា ប៉ុន្តែ បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ងើប​ពី​សង្គ្រាម​ហើយ ហើយ​សេដ្ឋកិច្ច​ខ្មែរ មាន​ដំណើរការ​កាន់​តែ​ខ្លាំង​ឡើង។ ​ដូច្នេះ កុំ​ពិបាក​ចិត្ត​ពេក ហើយ​ចូរ​មាន​គំនិត​វិជ្ជ​មាន​ចុះ ស្រុក​ខ្មែរ​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍន៍​ស្រុក​មែន ប៉ុន្តែ​ឥឡូវ​ស្រុក​ខ្មែរ​មាន​ដំណើរការ​ទៅ​មុខ​ហើយ !