jump to navigation

តើ​បទ​ចំរៀង​​នេះ​ជា​បទ​​លោក ស៊ីន​ ស៊ីសាមុត​ឬ? សូម​ជួយ​ខ្ញុំ​ផង! 11 ខែ​ឧសភា 2009

Posted by cambodiatoday in ចំរៀង, សិល្បៈ​.
5 comments

ខ្ញុំ​មាន​សេចក្តី​ស្នើ​មួយ សង្ឃឹម​ថា​បងប្អូន​​ទាំង​អស់​គ្នា​អាច​ជួយ​​ខ្ញុំ​បាន។ មាន​បទ​ចំរៀង​​ខ្មែរ​​មួយ​​ពី​សម័យ​ដើម ខ្ញុំ​សង្ស័យ​អ្នក​ច្រៀង​គឺ​លោក​ស៊ីន ស៊ីសាមុត ក៏​ប៉ុន្តែ​ខ្ញុំ​មិន​​ដឹង​ច្បាស់​​​ទេ។​​ ខ្ញុំ​គិត​ថា បទ​ហ្នឹង​មាន​ចំណង​ជើង​ថា “នារី​កាច​តែ​អញ្ចឹង” តែ​ខ្ញុំ​មិន​ច្បាស់​ដែរ។ ទំនុក​ចំរៀង​ហ្នឹង មាន​​​ច្រៀង​ថា “ណ៎ៗៗៗៗ កុំ​កាច​ពេក គ្រាន់​តែ​ភ្នែក​កួរ​ឱ្យ​ខ្លាច កាច​ជាង​ព្រាយបិសាច ឱ! ខ្លាច​ណា​ព្រលឹង…” តើ​​បងប្អូន​​​​ដែល​ឮ​​​​ទេ? តាម​ខ្ញុំ​ដឹង បទ​នេះ​បាន​​សម្តែង​​ក្នុង​ ស៊ីឌី​ ឆ្លងដែន​​ លេខ​ ១៣០​ ក៏​ប៉ុន្តែ​ខ្ញុំ​រក​​ ស៊ីឌី​​ហ្នឹង​​មិន​​បាន​សោះ។ តើ​​អាច​ជួយ​ខ្ញុំ​បាន​ឬ​ទេ? តាម​ពិត​ ខ្ញុំ​មាន​បទ​នេះ​រួច​ហើយ មិន​បាច់​ផ្ញើ​មក​ខ្ញុំ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ថា ទី​មួយ តើ​អ្នក​ច្រៀង​ពិត​ជា​លោក​ស៊ីន ស៊ីសាមុត​ឬ? ហើយ​ទី​ពីរ តើ​បទ​នេះ​មាន​ចំណង​ជើង​អ្វី​ដែរ? បើ​បងប្អូន​មាន​​​ស៊ីឌី​​ លេខ​ ១៣០​ហ្នឹង អាច​​ជួយ​ថត​ចម្លង​កំរប​​​វា ផ្ញើ​មក​ខ្ញុំ​តាម​អ៊ី​មែល​បាន​ឬ​ទេ​ (ដែល​មាន​បញ្ជី​បទ​ចំរៀង​និង​អ្នក​ច្រៀង​នីមួយ​ៗ)? ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​អ៊ីនធើណែត​យូរ​ហើយ ហើយ​មិន​បាន​ទទួល​ចម្លើយ​នៅ​ឡើយ​ទេ។ ការណ៍​នេះ​ប្រញាប់​បន្តិច ដូច្នេះ​បើ​បងប្អូន​​ស្គាល់​បទ​នេះ សូម​ឆ្លើយ​ប្រាប់​ខ្ញុំ​ភ្លាម​​ដោយ​បាន​ចែង​វិចារ​​លើ​ប្លក​នេះ។ ប្រសិនបើ​បងប្អូន​មិន​​ស្គាល់​ទេ ប៉ុន្តែ​ស្គាល់​ទី​កន្លែង​ផ្សេង​ទៀត​ដែល​ប្រហែល​ជា​មាន​ពត័មាន​អំពី​រឿង​នេះ សូម​ណែ​នាំ​ឱ្យ​​ខ្លួន​ខ្ញុំ​ស្គាល់​ផង។
សូម​អរគុណ​ទុក​ជា​មុន!!!

Advertisements

ជំលោះ​​ព្រំដែន​​គួរ​​​ឱ្យ​ដោះ​ស្រាយ​យ៉ាង​ឆាប់ 13 ខែវិច្ឆិកា 2008

Posted by cambodiatoday in នយោបាយ.
add a comment

597_9735ជំលោះ​ព្រំដែន​កម្ពុជា​ ថៃ មិន​​គួរ​ឱ្យ​បន្ត​​យូរ​ទៅ​មុខ​ទៀត​​​ទេ ប្រសិនបើ​វា​បន្ត​​ឱ្យ​យូរ​ទៅ​ នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​​រង​លទ្ធផល​កាន់​តែ​អាក្រក់។ ​ឥឡូវ​​ កម្ពុជា​មាន​​​នូវ​ភស្តុតាង ផែនទី ហើយនិង​សន្ធិសញ្ញា​គ្រប់គ្រាន់​​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ខ្លួន ជា​ពិសេស​មាន​ទម្លាប់​ច្បាប់​មក​ពី​សេចក្តី​សំរេច​​របស់​​តុលាការ​យុត្តិធម៌​​អន្តរជាតិ កាល​ពី​ឆ្នាំ​១៩៦២។ តុលាការ​នោះ​បាន​ពិនិត្យ​​ទម្លាប់​របស់​ថៃ បាន​ឃើញ​ថា​ថៃ​ធ្លាប់​មាន​ឱកាស​​ជា​ច្រើន​ដើម្បី​ជំទាស់​​បដិសេធ​សន្ធិសញ្ញា​​ជាមួយ​​បារាំង ក៏​ប៉ុន្តែ​មិន​ដែល​ធ្វើ​ទេ ហើយ​បាន​ឃើញ​ថា​ ពួក​​ថៃ​បាន​​គោរព​​តាម​សន្ធិសញ្ញា​នោះ​ដែរ មិន​បាន​ជំទាស់​​តវ៉ា​ទេ ហេតុ​ដូច្នេះ​ហើយ​តុលាការ​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ​ទៅ​កម្ពុជា។ ប្រសិនបើ​​កម្ពុជា​នឹង​ដាក់​ពាក្យ​បណ្តឹង​​ទៅ​តុលាការ​អន្តរជាតិ ​នោះ​កម្ពុជា​​​ច្បាស់​ជា​ត្រូវ​ឈ្នះ ក៏​ប៉ុន្តែ ប្រសិនបើ​​ខ្មែរ​ឱ្យ​ជំលោះ​នេះ​​​បន្ត​យូរ​ទៅ​មុខ​ទៀត ​នោះ​ទម្លាប់​ច្បាប់​ពី​ឆ្នាំ​១៩៦២​នឹង​មាន​អនុភាព​កាន់​តែ​តិច​ទៅ​ៗ ព្រោះ​សមាគមន៍​​​អន្តរជាតិ​នឹង​សួរ​ថា បើ​ដី​នេះ​ពិត​ជា​ដី​របស់​ខ្មែរ​មែន ហេតុ​អ្វី​កម្ពុជា​មិន​បាន​ដាក់​ពាក្យ​​បណ្តឹង ដោះ​ស្រាយ​ឆាប់​ៗ​នោះ? ពួក​គេ​នឹង​​ចាប់​មាន​ភាព​​មន្ទិល​សង្ស័យ​ គិត​ថា​កម្ពុជា​​គ្មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​អះអាង​របស់​ខ្លួន បើ​មាន​ទំនុក​ចិត​មែន​ ហេតុ​អ្វី​បន្ត​ការ​ចរចា​ដោយ​ឥត​​បាន​ការ? ជា​ពិសេស ក្នុង​ការ​ចរចា​ទាំង​អស់​នោះ​​ ពួក​ថៃ​អាច​ចាប់​ពាក្យ​ណា​មួយ​ដែល​ខ្មែរ​និយាយ​​ យក​មក​ប្រើ​ប្រាស់​ប្រឆាំង​នឹង​ខ្មែរ​វិញ។ កម្ពុជា​មិន​គួរ​ឱ្យ​បន្ត​ការ​ចរចា​​ទាំង​នេះ​ទៀត​ឡើយ។

យូរ​ៗ​ទៅ សមាគមន៍​អន្តរជាតិ​នឹង​ទទួល​ស្គាល់​ថា ទឹក​ដី​នេះ​ជា​ដី​ជំលោះ​អចិន្ត្រៃយ៍ ដូច​ជា​តំបន់​ខាសមីរ៍​នៅ​​​ឯ​ប្រទេស​ឥណ្ឌា ឬ​កោះ​សាយប្រឹស​​ ឬ​តំបន់​ផ្សេង​ៗ​ទៀត​ ដែល​មាន​ទាហាន​ប្រឈម​មុខ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ជា​យូរ​ឆ្នាំ​មក​ហើយ តំបន់​ទាំង​អស់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​តំបន់​ជំលោះ​អចិន្ត្រៃយ៍ ព្រោះ​​គ្មាន​នរ​ណា​ហ៊ាន​ចាត់​វិធានការ​ដោះ​ស្រាយ​ឡើយ​។ កម្ពុជា​មិន​គួរ​ឱ្យ​មាន​ស្ថានការណ៍​ដូច្នេះ​​កើត​ឡើង​ទេ ​គឺ​ត្រូវ​​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​​​ភ្លាម​ៗ។

ក្នុង​ភាសា​អង់គ្លេស​មាន​ពាក្យ​ពេចន៍​ថា ប៉ាកកា​​មាន​ឥទ្ធិពល​​​ខ្លាំង​ជាង​ដាវបាន​ន័យ​ថា​​ ចំណេះ​​ដឹង​របស់​មនុស្ស មាន​ឥទ្ធិពល​និង​អនុភាព​​ខ្លាំង​ជាង​កង​កម្លាំង​យោធា។ ក្នុង​ជំលោះ​នេះ កម្ពុជា​មាន​ភាព​ទន់​ខ្សោយ​ខាង​យោធា​មែន​ មិន​អាច​ឈ្នះ​ដោយ​ដាវ​បាន​ឡើយ ក៏​ប៉ុន្តែ កម្ពុជា​មាន​អាវុធ​ដ៏​ខ្លាំង​ជាង​គេ​បង្អស់ គឺ​ជា​ប៉ាកកា។ ​​ខ្មែរ​មិន​គួរ​ឱ្យ​ខាត​ពេល​ទៀត​ឡើយ​​ ចូរ​លើក​អាវុធ​ដ៏​មាន​​ឥទ្ធិពល​ខ្លាំង​ជាង​គេ​បង្អស់​​ចុះ​ ហើយ​ចុះ​ហត្ថលេខា​ទៅ​លើ​ពាក្យ​បណ្តឹង​​ជា​មិន​ខាន!!!៕

ហេតុ​អ្វី​ខ្មែរ​ចូលចិត្ត​មើល​ងាយ​ភាសា​ខ្លួន​ឯង? 1 ខែវិច្ឆិកា 2008

Posted by cambodiatoday in ភាសា, Uncategorized.
13 comments

ខ្ញុំ​សែន​ឆ្ងល់​​មែនទែន​ ហេតុ​អ្វី​ខ្មែរ​ចាត់​ទុក​ថា​ ភាសា​ខ្លួន​ឯង​គ្មាន​​តំលៃ?​​ ខ្ញុំ​ធ្លាប់​បាន​ដើរ​លេង​នៅ​ច្រើន​ប្រទេស ហើយ​ខ្ញុំ​បាន​ពិនិត្យ​ស្ថានភាព​ភាសា​ក្នុង​ប្រទេស​ទាំង​អស់​នោះ។ កម្ពុជា​ពិត​ជា​ខុស​ប្លែក​ពី​គេ​​ឆ្ងាយ​ណាស់។

សេចក្តី​ប្រៀបធៀប​នឹង​ប្រទេស​​នានា

ពេល​ខ្ញុំ​​បាន​ដើរ​លេង​នៅ​ប្រទេស​ថៃ ខ្ញុំ​បាន​សង្កេត​មើល​បុគ្គលិក​ក្នុង​ហាង ពេល​មាន​ភ្ញៀវ​បរទេស​ចូល​មក​​ ឃើញ​បុគ្គលិក​និយាយ​ភាសា​ថៃ​ជាមួយ​គេ។​ នៅ​កម្ពុជា​វិញ ហាក់​ដូច​ជា​គ្មាន​អញ្ចឹង​សោះ គឺ​ពេល​ជួប​ជន​បរទេស​ ខ្មែរ​តែងតែ​ព្យាយាម​និយាយ​អង់គ្លេស​ជាមួយ​គេ។ ពួក​ថៃ​ដឹង​ហើយ​ថា ជនបរទេស​ទាំង​នោះ​ មុខ​ជា​មិន​អាច​ស្តាប់​​​​ភាសា​ថៃ​​បាន​ទេ​ ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​និយាយ​ភាសា​ថៃ​​ជាមួយ​គេ​​ដែរ​។ ហេតុ​អ្វី​ទៅ? បាន​ប្រយោជន៍​អី?​​ គឺ​ដោយសារ​ពួក​ថៃ​ជឿ​ថា​ ភាសា​​ហើយនិង​ប្រទេស​ជាតិ​របស់​គេ​​​មាន​តំលៃ​ បើ​​​​ទេសចរណ៍​មក​លេង​ស្រុក​គេ​ នោះ​ត្រូវ​ជួប​ប្រទះ​នឹង​ភាសា​របស់​គេ​ដែរ។ ជួនកាល​ពួក​គេ​ចេះ​និយាយ​ភាសា​អង់គ្លេស​ផង ប៉ុន្តែ​នៅ​តែ​និយាយ​ថៃ​ដដែល។

ជា​ឧទាហរណ៍​មួយ​ទៀត នៅ​ប្រទេស​អូទ្រីស​ ជន​ណា​ដែល​មាន​អាយុ​ក្រោម​សាមសិប​ឆ្នាំ ស្ទើរតែ​ចេះ​និយាយ​ភាសា​អង់គ្លេស​ទាំង​អស់ ក៏​ប៉ុន្តែ ពួក​គេ​​មិន​ដែល​និយាយ​ភាសា​អង់គ្លេស​ជាមួយ​ជន​បរទេស​ឡើយ ទាល់​តែ​យើង​សូម​ឱ្យ​គេ​និយាយ​ភាសា​អង់គ្លេស​ ទើប​គេ​និយាយ។ ផ្លាក​តាម​ផ្លូវ​​តាម​ហាង​អី​​ ភាគ​ច្រើន​ត្រូវ​សរសេរ​ជា​ភាសា​​អាល្លឹម៉ង់​ កម្រ​ឃើញ​អង់គ្លេស​ណាស់។​ ពេល​ខ្ញុំ​បាន​ទិញ​សិម​កាត​សំរាប់​ទូរស័ព្ទ​ដៃ​ខ្ញុំ​ សៀវភៅ​ណែ​នាំ​គ្មាន​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ឡើយ​។ បើ​ប្រៀបធៀប​ជាមួយ​ខ្មែរ​វិញ ​ពិត​ជា​ខុស​គ្នា​ណាស់។ នៅ​ភ្នំពេញ មាន​កន្លែង​ខ្លះ​ដែល​គ្មាន​ផ្លាក​ខ្មែរ ប៉ុន្តែ​មាន​ផ្លាក​អង់គ្លេស សូម្បី​តែ​ផ្លាក​ឡាន​ថ្មី​​ៗ ក៏​​គ្មាន​អក្សរ​ខ្មែរ​ដែរ! ហេតុ​អ្វី​ខ្មែរ​បាន​ធ្វើ​ដូច្នេះ? តាម​ពិត ពេល​ខ្មែរ​ធ្វើ​អញ្ចឹង ​មាន​ការ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ខ្លួន​ឯង​ដែរ​ ព្រោះ​​ខ្មែរ​នៅ​​កម្ពុជា​មិន​អាច​អាន​បាន​។ ជា​យូរ​ឆ្នាំ​មក​ហើយ​ កម្ពុជា​បាន​មាន​សៀវភៅ​ពណ៌​លឿង​បោះពុម្ព​ជា​ភាសា​អង់គ្លេស ក៏​ប៉ុន្តែ​គ្មាន​ខ្មែរ​ទេ! ចុះ​បើ​ខ្មែរ​​នៅ​ស្រុក​ខ្មែរ​មិន​អាច​រក​ភាសា​របស់​ខ្លួន តើ​ត្រូវ​រក​នៅ​ទី​ណា​វិញ? ការ​ធ្វើ​ដូច្នេះ​មាន​ការ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែរ។ បើ​ខ្មែរ​ចង់​ទិញ​វត្ថុ​អ្វី​មួយ ហើយ​ចង់​រក​តាម​សៀវភៅ​ពណ៌​លឿង​នោះ តើ​ម្នាក់​នោះ​ត្រូវ​ធ្វើ​អី​​បើ​អាន​អង់គ្លេស​មិន​កើត? មិន​អាច​រក​បាន​ឡើយ។ ខ្ញុំ​សូម​ជម្រាប​ថា នៅ​ពេល​​ថ្មី​ៗ​នេះ​ សៀវភៅ​ពណ៌​លឿង​​ទើប​បាន​ចេញ​ជា​ភាសា​ខ្មែរ (http://www.yellowpages-cambodia.com/km/) ប៉ុន្តែ​ហេតុ​​អ្វី​វា​យឺត​ម្ល៉េះ?​ ខ្មែរ​​នៅ​កម្ពុជា​គួរ​ឱ្យ​ជំរុញ​​ជន​បរទេស​ឱ្យ​រៀន​ភាសា​របស់​ជាតិ មិន​មែន​ត្រូវ​ជំរុញ​ខ្លួន​ឯង​ឱ្យ​រៀន​ភាសា​គេ​ឡើយ! ពេល​ធ្វើ​អញ្ចឹង ហាក់​ដូច​ជា​ខ្មែរ​ទទួល​ស្គាល់​ថា ភាសា​គេ​គ្មាន​​ប្រយោជន៍​អ្វី​សោះ។

ការ​សិក្សា​ភាសា​អង់គ្លេស​ មិន​​មែន​ជា​គន្លឹះ​សំរាប់​ការ​អភិវឌ្ឍ​​ប្រទេស​​ឡើយ

ខ្ញុំ​បាន​ចំណាយ​ពេល​​យូរ​នៅ​ឯ​ប្រទេស​ជប៉ុន ហើយ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ជនជាតិ​ជប៉ុន​មិន​សូវ​ចេះ​និយាយ​ភាសា​អង់គ្លេស​ទេ​ ទាំង​ក្មេង​ទាំង​ចាស់​អត់​ចេះ​ទាំង​អស់! អង្គហេតុ​នេះ​ប្រហែល​ជា​នឹង​ធ្វើ​ឱ្យ​ខ្មែរ​ភ្ញាក់​ផ្អើល​បន្តិច ព្រោះ​​ប្រទេស​ជប៉ុន​ជា​ប្រទេស​ជឿនលឿន មាន​សេដ្ឋកិច្ច​លេខ​ទី​២​ក្នុង​​ពិភពលោក បើ​មិន​​ចេះ​អង់គ្លេស ហេតុ​អ្វី​​ប្រទេស​ជប៉ុន​​​ខ្លាំង​ម្ល៉េះ? គឺ​មក​ពី​ជប៉ុន​ជឿ​ថា មុខ​ជំនាញ​មាន​តំលៃ​ច្រើន​ជាង​​ចំណេះ​ភាសា។ ជប៉ុន​ជឿ​ថា ជា​ការ​សំខាន់​បំផុត​ ត្រូវ​រៀន​មុខ​ជំនាញ​ខាង​ណា​​មួយ ដូច​ជា​ខាង​ច្បាប់ ពេទ្យ ។ល។ បើ​មាន​ពេល​រៀន​ភាសា រៀន​ទៅ ប៉ុន្តែ​ការ​សិក្សា​ភាសា​មិន​សូវ​សំខាន់​ដូច​ជា​​ការ​សិក្សា​​មុខ​ជំនាញ​ទេ។ ហេតុ​ដូច្នេះ​ហើយ ប្រទេស​ជប៉ុន​មាន​ជន​ឯកទេស​ នឹង​អ្នក​ជំនាញ​ការណ៍​យ៉ាង​ច្រើន​​ ដែល​មាន​ចំណេះ​វិជ្ជា និង​ការ​ប៉ិនប្រសព្វ​គ្រប់​យ៉ាង។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ប្រទេស​ជប៉ុន​ជា​ប្រទេស​ជឿនលឿន មិន​មែន​មក​ពី​រៀន​ភាសា​អង់គ្លេស​ទេ!!! បើ​ប្រៀបធៀប​​ប្រទេស​ជប៉ុន​​ជាមួយ​​នឹង​កម្ពុជា​​វិញ ខ្មែរ​ពិត​ជា​គិត​ផ្ទុយ​គ្នា​ណាស់។ ខ្មែរ​​គិត​​​ថា ត្រូវ​រៀន​ភាសា​អង់គ្លេស ទើប​ប្រទេស​អាច​មាន​ការ​​ជឿនលឿន​​​បាន។ ខ្ញុំ​បាន​ជួប​និស្សិត​ខ្មែរ​ច្រើន​ដែល​អះអាង​ថា​ បើ​មិន​ចេះ​អង់គ្លេស នោះ​មិន​អាច​រក​ការងារ​បាន​ឡើយ។ ខ្ញុំ​សូម​សួរ​ទៅ​វិញ តើ​អ្នក​ចង់​រក​ការងារ​ខាង​អី? បើ​ចង់​ធ្វើជា​អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន​សំរាប់​ជន​បរទេស នោះ​ត្រូវ​តែ​ចេះ​មែន។ ចុះ​បើ​អ្នក​ចង់​រក​ការងារ​ជា​​វិស្វករ តើ​ចំណេះ​មួយ​ណា​សំខាន់​ជាង ចំណេះ​ខាង​វិស្វករ ឬ​ចំណេះ​ភាសា​អង់គ្លេស? ច្បាស់​ជា​ចំណេះ​វិស្វករ! បើ​មាន​បញ្ហា​ភាសា នោះ​គេ​អាច​ជួល​អ្នក​បកប្រែ​បាន។ ខ្ញុំ​បាន​លើក​ឡើង​ឧទាហរណ៍​នេះ​ដើម្បី​បញ្ជាក់​ថា ការ​សិក្សា​ភាសា​អង់គ្លេស​មិន​មែន​ជា​គន្លឹះ​សំរាប់​ការ​អភិវឌ្ឍ​ជាតិ​ឡើយ!!!

សេចក្តី​សន្និដ្ឋាន

ពេល​ប្រព័ន្ធ​កុំព្យូទ័រ​ខ្មែរ​យូនីកូដ​បាន​ចេញ​ថ្មី​ៗ ខ្ញុំ​សែន​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ​ខ្ញុំ​​នៅ​តែ​ពិបាក​ចិត្ត​ព្រោះ​ខ្មែរ​​មិន​សូវ​ប្រើ។ អ្នក​​ខ្លះ​និយាយ​ថា គេ​មិន​ចង់​ប្រើ​ទេ​ ព្រោះ ចង់​រៀន​អង់គ្លេស។ នេះ​ហើយ​ជា​មុខ​សញ្ញា​មួយ​អំពី​បញ្ញា “​ការ​មើល​ងាយ​ភាសា​ខ្លួន​ឯង។ បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​ថ្មី​​នៅ​កម្ពុជា​ទេ តាំង​ពី​ជំនាន់​ដើម​មក ខ្មែរ​តែងតែ​បាន​​ឱប​ស្រឡាញ់​អ្វី​​ៗ​ដែល​ទាក់​ទង​​នឹង​បរទេស។ នៅ​សម័យ​ដើម ចូលចិត្ត​តែ​បារាំង ឥឡូវ​បែរ​ទៅ​ជា​ភាសា​​អង់គ្លេស​នឹង​អាមេរិក​ទៅ​វិញ។ ហេតុ​អ្វី​មិន​បាន​ស្រឡាញ់​ភាសា​ជាតិ ដូច​ជា​ពួក​​ថៃ អូទ្រីស នឹង​ជប៉ុន​នោះ ? ការ​គាបសង្កត់​ភាសា​ជាតិ​បាន​ធ្វើ​​​​ឱ្យ​មាន​ការ​រអាក់រអួល​ដល់​ការ​អភិវឌ្ឍ​ជាតិ។ ក្នុង​ប្រទេស​កម្ពុជា មាន​មនុស្ស​ច្រើន​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​ខ្លះ​ៗ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​​ឯកទេស ឬ​អ្នក​​ជំនាញ​​ការណ៍​ខ្ពង់ខ្ពស់​ទេ។ ការ​អភិវឌ្ឍ​ជាតិ​តម្រូវ​ឱ្យ​មាន​អ្នក​ជំនាញ ហើយ​ការ​មាន​អ្នក​ជំនាញ​ តម្រូវ​​ឱ្យ​ប្រតិបត្តិ​ការណ៍​ដោយ​ភាសា​ជាតិ។

ការ​ប្រកាស​នេះ​គ្មាន​បំណង​ចង់​រិះគន់​ដល់​ខ្មែរ​​ណា​ដែល​រៀន​ភាសា​អង់គ្លេស​ទេ។ ភាសា​អង់គ្លេស​​ជា​ភាសា​សំខាន់ ជា​ភាសា​​អន្តរជាតិ ប៉ុន្តែ​​សូម​កុំ​​រៀន​ភាសា​​អង់គ្លេស​ជំនួស​​​មុខ​ជំនាញ​ណា​មួយ​ទេ។ សូម​​កុំ​បោះ​បង់​​​​ចោល​ភាសា​ជាតិ! គោលដៅ​​ទាំង​​នេះ ច្បាស់​ជា​​មាន​សរៈ​សំខាន់​​​ច្រើន​ជាង​គេ ! សូម​កុំ​មើល​ងាយ​ភាសា​ខ្លួន​ឯង!

កុន​អំពី​ចំរៀង​ខ្មែរ 17 ខែសីហា 2008

Posted by cambodiatoday in ចំរៀង.
add a comment

នៅ​​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​មើល​កុន​មួយ​អំពី​ចំរៀង​ខ្មែរ គឺជា​កុន​ដែល​​បាន​​តាម​ដាន​ថត​ក្រុម​តន្ត្រី​ Dengue Fever នា​ពេល​ពួក​គាត់​បាន​ទស្សនា​​ទឹក​ដី​កម្ពុជា។ ខ្ញុំ​ដឹង​ហើយ​ថា​ បាន​សរសេរ​ច្រើន​ណាស់​​អំពី​​​ក្រុម​តន្ត្រី​នេះ​ហើយ ក៏​ប៉ុន្តែ កុន​នេះ​ល្អ​មើល​ណាស់ ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​នឹង​អ្នក​អាន​ទាំង​អស់។ កុន​នោះ​មាន​ចំណង់​ជើង​ថា Sleepwalking Through the Mekong​ វា​មិន​គ្រាន់តែ​បាន​បង្ហាញ​រឿង​ចំរៀង​ទេ តែ​បាន​បំភ្លឺ​ទំនៀមទម្លាប់​ខ្មែរ​ផង​ដែរ។ សូម​អញ្ជើញ​មើល​វិបសៃត​ខាង​ក្រោម​​នេះ​ ដើម្បី​មើល​ពេល​វេលា​និង​ទី​កន្លែង​នៃ​ការ​បញ្ចាំង​កុន​នេះ៕

http://sleepwalkingthroughthemekong.com/screenings.htm

សាមគ្គីភាព 7 ខែសីហា 2008

Posted by cambodiatoday in នយោបាយ.
add a comment

នា​ពេល​បច្ចុប្បន្ន អ្វី​ដែល​ប្រទេស​កម្ពុជា​ត្រូវការ​ជា​ទី​បំផុត គឺ​​ជា​សាមគ្គីភាព។​ រូប​​ខ្ញុំ​ផ្ទាល់​តែង​តែ​មាន​ការ​ខ្វែ​​ងគំនិត​​ជាមួយ​នឹង​មេ​ដឹក​នាំ​នានា ក៏​ប៉ុន្តែ ក្នុង​សភាព​វិបតិ្ត យើង​ត្រូវ​បោះ​បង់​ចោល​នូវ​ការ​លំអៀង​ផ្នែក​នយោបាយ​​របស់​ខ្លួន ហើយនិង​ត្រូវ​គាំទ្រ​​ប្រទេស​ជាតិ មិន​មែន​ត្រូវ​គាំទ្រ​គណបក្ស​របស់​ខ្លួន​នោះ​​ឡើយ។ តើ​អ្វី​ទៅ​ជា​វិបត្តិ​ដែល​ខ្ញុំ​បាន​និយាយ​មិញ​នោះ? គឺជា​ការ​ឈ្លានពាន​របស់​ប្រទេស​ជិត​ខាង​ទៅ​លើ​ទឹក​ដី​កម្ពុជា។ ក្នុង​សង្គ្រាម​​ស៊ីវិល​នៃ​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី អាប្រាហាំ លីនកុន បាន​មាន​ប្រសាស​​ថា “អស់​ទាំង​នគរ​ណា​ដែល​បែក​ខ្ញែក​ទាស់​តែ​គ្នា​ឯង មិន​អាច​ចៀស​ផុត​ពី​ការ​វិនាស​នោះ​ឡើយ”។ ប្រសិនបើ​កម្ពុជា​មាន​សាមគ្គីភាព​ផ្នែក​នយោបាយ នោះ​អាច​ចៀស​ផុត​ពី​ការ​វិនាស​បាន ហើយ​អាច​បន្សល់​ទុក​ទឹក​ដី​នេះ​ជា​កម្មសិទ្ឋិ​របស់​ខ្មែរ។

មាន​ផ្លូវ​តែ​មួយ​ដើម្បី​ឈ្នះ​ល្បិច​របស់​អ្នក​ឈ្លានពាន​នោះ គឺ​ជា​ច្បាប់​អន្តរជាតិ ជា​ផ្លូវ​ដែល​​ធ្លាប់​​បាន​នាំ​មក​នូវ​លទ្ធផល​ដ៏​ល្អ​​សម្រាប់​ខ្មែរ​ កាល​ពី​ឆ្នាំ​១៩៦២។ ប្រសិនបើ​ខ្មែរ​នឹង​យក​ជម្លោះ​នេះ​ ជូន​ទៅ​អង្ការ​សហប្រជាជាតិ​​ នោះ​យើង​ច្បាស់​ជា​ត្រូវ​ទទួល​បាន​ការ​ដោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្មែរ​ជា​មិន​ខាន។​ ភាគី​​ខ្មែរ​មាន​ភស្តុតាំង​ដើម្បី​​គាំទ្រ​​ការ​អះអាង​របស់​ខ្លួន គឺ​រួម​មាន​នូវ​​​ផែនទី ទម្លាប់​​ច្បាប់​ នឹង​​សន្ធិសញ្ញា។

ការ​ដោះស្រាយ​តាម​សមរភូមិ​មិន​មែន​ជា​​ដំណោះស្រាយ​ល្អ​ចំពោះ​កម្ពុជា​ទេ គឺ​មក​ពី​កង​កម្លាំង​របស់​ប្រទេស​ឈ្លានពាន​មាន​កម្លាំង​ច្រើន​ជាង​ខ្មែរ ហើយ​ម្យ៉ាង​ទៀត ប្រសិនបើ​វិបត្តិ​នេះ​ត្រូវ​បណ្តាល​ឱ្យ​ផ្ទុះ​អាវុធ នោះ​ប្រសាទ​ព្រះវិហារ​ប្រាកដ​ជា​ត្រូវ​រង​ការ​បែក​បាក់​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ ប្រសិនបើ​កម្ពុជា​នឹង​​យក​រឿង​នេះ​មក​លើក​ឡើង​​​ទៅ​​​ អ.ស.ប. នោះ​រឿង​នេះ​នឹង​​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​​​ផ្តល់​លទ្ធផល​​ដ៏​ល្អ​​ដែរ។

ហេតុ​ដូច្នេះ​ហើយ សូម​ផ្អាក​នូវ​អារម្មណ៍​នយោបាយ​សិន ហើយ​រួម​គ្នា​​គាំទ្រ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ក្នុង​ការ​ប្រឆាំង​នឹង​សត្រូវ​​ជាតិ!

ក្រុម​តន្ត្រី​ Dengue Fever បាន​ចេញ​ស៊ីឌី​ថ្មី​មួយ​ទៀត​ហើយ 26 ខែមករា 2008

Posted by cambodiatoday in ចំរៀង.
add a comment

នេះជាស៊ីឌីថ្មីរបស់​ Dengue Fever ដែលមានក្រប​​ត្រូវសមាជិកក្រុមតន្ត្រីបានស៊ីញ៉េ។

កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន ក្រុម​​តន្ត្រី​​ Dengue Fever បាន​​ចេញ​ស៊ី​ឌី​ថ្មី​មួយ​ទៀត​ គឺ​មាន​ចំណង​ជើង​ Venus on Earth។ ខ្ញុំ​ទើបបាន​ទទួល​ស៊ីឌី​​នោះ​ពី​ថ្ងៃ​មិញ ហើយ​បទ​ទាំង​ឡាយ​នោះ​ពិរោះ​ណាស់។ ខ្ញុំ​សូម​ជំរុញ​បងប្អូន​ទាំង​អស់​គ្នា​ឱ្យ​ទិញ​ស៊ីឌី​នេះ​ទៅ ហើយ​កុំ​យក​បទ​ទាំង​នោះ​ដោយ​ថត​ចម្លង​​ខុស​ច្បាប់​ទេ។ កាល​ណា​ដែល​យក​បទ​ដោយ​ខុស​ច្បាប់​អញ្ចឹង ធ្វើ​ឱ្យ​ស្នាដៃ​របស់​​សុល្បៈករ​គ្មាន​​​រង្វាន់ ហើយ​យូរ​ៗ​ទៅ​ គេ​នឹង​លែង​ផលិត​ភ្លេង​ទៀត។ បើ​ចង់​សាក​ស្តាប់ សូម​មើល​​វេបសៃត​របស់​ពួក​គាត់​នៅ http://www.denguefevermusic.com។

ចំរៀង​ខ្មែរ​ 16 ខែធ្នូ 2007

Posted by cambodiatoday in ចំរៀង.
add a comment

ខ្ញុំ​តែងតែ​ស្តាប់​ចំរៀង​ខ្មែរ ជា​ពិសេស​ចំរៀង​ប្រភេទ​សម័យ​ដើម ព្រោះ​​ខ្ញុំ​ជឿ​ថា ចំរៀង​ថ្មី​ៗ គឺ​មិន​មែន​ជា​ចំរៀង​ខ្មែរ​ឡើយ។ ពាក្យ​ចំរៀង​​ ចេញ​ជា​ភាសា​ខ្មែរ​មែន តែ​ភ្លេង​​​មិន​​ដូច​ខ្មែរ​​យើង​ទេ។ ដោយ​មូល​ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​សែន​អរ​ក្នុង​ចិត្ត​ ដែល​បាន​ឃើញ​ក្រុម​ភ្លេង​មួយ ហៅ​ថា Dengue Fever​ ដែល​បាន​ចាប់​តែង​បទ​ខ្មែរ​ថ្មី ដែល​​មាន​ភ្លេង​ស្រដៀង​នឹង​ភ្លេង​សម័យ​ដើម។ ប្រសិនបើ​អ្នក​ទាំង​អស់​គ្នា​មិន​ទាន់​បាន​ស្តាប់​ភ្លេង​នេះ​ទេ សូម​សាក​ស្តាប់​នៅ​ http://www.denguefevermusic.com។ អ្នក​ចំរៀង​​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​សមាជិក​ដទៃ​ទៀត​ក្នុង​ក្រុម​ភ្លេង គឺ​​ជា​ជនជាតិ​អាមេរិកាំង ក៏​ប៉ុន្តែ ចំរៀង​នេះ​ពិត​ប្រកដ​ជា​ចំរៀង​ខ្មែរ។ បទ​ទាំង​អស់​របស់​ពួក​គាត់ ធ្វើ​ឱ្យ​មាន​ក្តី​រំភើប​ក្នុង​ចិត្ត ​គ្មាន​អ្វី​គួរ​ឱ្យ​អផ្សុក​​សោះ។ ចូរ​តាម​តាន​ស្តាប់​ឱ្យ​សប្បាយ​ចុះ។

ចូរ​ឱ្យ​មាន​គំនិត​វិជ្ជ​មាន​ចុះ! 18 ខែ​មីនា 2007

Posted by cambodiatoday in នយោបាយ.
5 comments

ប្រជាជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​និង​នៅ​កម្ពុជា​ផង តែង​តែ​ត្អូញត្អែរ​អំពី​សភាព​ការណ៍​នៅ​កម្ពុជា ដោយ​​មាន​សំដី​ថា ស្រុក​ខ្មែរ​ពោ​ពេញ​ទៅ​ដោយ​ការ​ពុក​រលួយ អ្នក​ចោរ​ប្លន់ ភាព​អ​សន្តិសុខ​។ល។​ ឥឡូវ​ ខ្ញុំ​សូម​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ ស្រុក​ខ្មែរ​ប្រាកដ​ជា​មាន​ឩបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​ស្រុក​ ព្រោះ​ថា ស្រុក​ខ្មែរ​ទើប​បាន​ងើប​ពី​សង្គ្រាម ក៏​ប៉ុន្តែ ក្នុង​ពេល​ថ្មី​ៗ​នេះ ស្រុក​ខ្មែរ​បាន​ចាប់​មាន​ការ​ជឿន​លឿន​ច្រើន​ជាង​មុន​ណាស់។ ខ្ញុំ​បាន​ទៅ​ដល់​កម្ពុជា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០១ ហើយ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា កម្ពុជា​នៅ​មិន​ទាន់​បាន​ធូរស្បើយ​ពី​ជំនាន់​សង្គ្រាម​ឡើយ​ ផ្លូវ​ណា​ក៏​រលាក់ ដើរ​ពេល​យប់​មិន​សូវ​ហ៊ាន ហើយ​ហាក់​ដូច​ជា​គ្មាន​អ្វី​ជឿន​លឿន​ទាល់​តែ​សោះ។ ពេល​ខ្ញុំ​បាន​ជិះ​ឡាន​តាក់ស៊ី​ពី​បាត់ដំបង​ទៅ​ភ្នំ​ពេញ ខ្ញុំ​បាន​សួរ​អ្នក​បើក​បរ​ថា ប៉ុន្មាន​ម៉ោង​ទៀត​បាន​ជា​យើង​មក​ដល់​ភ្នំ​ពេញ?” គាត់​បាន​ឆ្លើយ​ថា យើង​មក​ដល់​ហើយ!” ខ្ញុំ​បាន​សួរ​វិញ​ថា ចុះ​ភ្នំ​ពេញ​មាន​ផ្លូវ​ដី​ដែរ?” ពាក្យ​ឆ្លើយ​តប​របស់​គាត់​ត​ទៅ​នោះ​ ពិត​ប្រាកដ​ជា​មាន​អត្ថន័យ​ពិសេស​ គឺ​ថា បើ​អត់​មាន​ផ្លូវ​ដី នោះ​យើង​មិន​មែន​នៅ​ស្រុក​ខ្មែរ​ទេ!” បច្ចុប្បន្ន​នេះ មិន​ចាំបាច់​ជិះ​តាក់ស៊ី​ពី​បាត់ដំបង​ទៅ​ភ្នំ​ពេញ​ទេ ហើយ​មិន​បាច់​ធ្វើ​ដំណើរ​អស់​រយះ​ពេល​៨​ម៉ោង​​តាម​ផ្លូវ​រលាក់​ដែរ គឺ​អាច​ជិះ​ឡាន​ក្រុង​ដែល​គិត​តំលៃ​ថោក អស់​រយះ​ពេល​៤​ទៅ​៥​ម៉ោង​ប៉ុណ្ណោះ ហើយ​ផ្លូវ​កៅស៊ូ​មាន​ផង! នេះ​ជា​ការ​ផ្លាស់ប្ដូរ​ធំ​មួយ​ក្នុង​រយះ​ពេល​មួយ​ដ៏​ខ្លី! នៅ​ភ្នំ​ពេញ​សុទ្ធ​តែ​មាន​ផ្លូវ​កៅ​ស៊ូ មាន​ផ្សារ​ទំនើប​ទាន់​សម័យ (ផ្សារ​សុរិយា) ហើយ​មាន​វត្ថុ​ផ្សេង​ៗ​ទៀត ដូច​ជា​ម៉ាស៊ីន​បើក​លុយ ដែល​ធ្វើ​ឱ្យ​ការ​រស់​នៅ មាន​ភាព​កាន់​តែ​ស្រួល។ សូម្បី​តែ​កម្មវិធី​វាយ​អក្សរ​ខ្មែរ​ដែល​ខ្ញុំ​កំពុង​ប្រើ​នេះ ជា​ផលិតផល​នៃ​ការ​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ​នេះ។ នៅ​ពេល​ថ្មី​ៗ​នេះ ទស្សនាវដី្ត​អន្តរជាតិ​មួយ ដែល​ដាក់​ឈ្មោះ​ថា អ្នក​សេដ្ឋកិច្ច ” (The Economist) បាន​បោះ​ពុម្ព​អត្ថបទ​មួយ​អំពី​ស្រុក​ខ្មែរ ហើយ​បាន​បញ្ជាក់​ថា ធម្មតា ការ​ផ្សាយ​របស់​គេ​អំពី​ស្រុក​ខ្មែរ​​ សុទ្ធ​តែ​ផ្សាយ​ពី​រឿង​កម្សត់​ខ្លោច​ផ្សា ប៉ុន្តែ បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ងើប​ពី​សង្គ្រាម​ហើយ ហើយ​សេដ្ឋកិច្ច​ខ្មែរ មាន​ដំណើរការ​កាន់​តែ​ខ្លាំង​ឡើង។ ​ដូច្នេះ កុំ​ពិបាក​ចិត្ត​ពេក ហើយ​ចូរ​មាន​គំនិត​វិជ្ជ​មាន​ចុះ ស្រុក​ខ្មែរ​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍន៍​ស្រុក​មែន ប៉ុន្តែ​ឥឡូវ​ស្រុក​ខ្មែរ​មាន​ដំណើរការ​ទៅ​មុខ​ហើយ !